ភ្នំពេញ (ថ្ងៃទី២៦ ខែតុលា)៖ អ៊ី ឆែ គ្រុប ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខស៊ីម៉ងត៍ យុថ្កា និងសម្ភារសំណង់ឈានមុខគេនៅកម្ពុជា បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ មកពីភូមិចំនួន២ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ នៅខេត្តបាត់ដំបង។
ការនាំយកអំណោយទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ក្រោយពីក្រុមហ៊ុន អ៊ី ឆែ គ្រុប បានសម្លឹងឃើញពីផលលំបាក និងការខ្វះខាតនានា ដែលប្រជាពលដ្ឋកំពុងតែជួបប្រទះដោយសារតែទឹកជំនន់ទឹកភ្លៀង។
ប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរថ្មី និងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សរុបចំនួន៦០គ្រួសារ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែទឹកជំនន់ សុទ្ធសឹងបានទទួលអំណោយដែលអង្ករចំនួន៥០គីឡូក្រាម មីមួយកេះ និងត្រីខកំប៉ុងចំនួន១០កំប៉ុង ដូចៗគ្នា។
លោកតែ វង្សឆាយ នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី ឆែ គ្រុប មានប្រសាសន៍ថា៖ «ការចូលរួមដោះស្រាយប្រឈមនានាដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ ពិសេសដោយសារតែទឹកជំនន់នាពេលបច្ចុប្បន្ន តែងតែស្ថិតក្នុងគោលដៅស្នូលមួយក្នុងចំណោមគោលដៅស្នូលរបស់ក្រុមហ៊ុនជានិច្ច»។
លោកបានបន្ថែមទៀតថា៖ «នេះគឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ និងការជួយសណ្តោសគ្នាក្នុងគ្រាលំបាកក្នុងរង្វង់គ្រួសារកម្ពុជា ហើយនេះក៏ជាការសកម្មភាពសម្តែងពីការតបស្នងដល់សង្គម ផងដែរ ដែលផ្តល់ការជឿជាក់ និងប្រើប្រាស់ផលិតផលរបស់យើង ពិសេសស៊ីម៉ងត៍ យុថ្កា»។
លោកអ៊ាប ម៉ៅ នាយប៉ុស្តិ៍រដ្ឋបាលឃុំពេជ្រចិន្តា មានប្រសាសន៍ថា៖ «សូមអរគុណដល់ក្រុមហ៊ុន អ៊ី ឆែ គ្រុប ហើយនេះគឺជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ដែលមិនអាចកាត់ថ្លៃបាន និងការចេះជួយគ្នាក្នុងគ្រាលំបាក។ អំណោយនេះ ពិតជាមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅភូមិអូរថ្មី និងភូមិភ្នំតូច»។
បើយោងទៅតាមលោកនាយប៉ុស្តិ៍រូបនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែទឹកជំនន់សរុបមានជាង១២០គ្រួសារ ប៉ុន្តែ គ្រួសារចំនួន៦០ បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្រោយពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នាតាំងពីដើមខែនេះ រហូតដល់បច្ចុប្បន្ន បានធ្វើឲ្យកើតមានជំនន់ទឹកភ្លៀងភ្លាមៗតែម្តង។
យោងតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាពេលថ្មីៗនេះ ជំនន់ទឹកភ្លៀងតាំងពីដើមខែតុលានេះ បានធ្វើឲ្យ រាជធានី-ខេត្តចំនួន ៩ ដែលរួមមាន ភ្នំពេញ កណ្ដាល ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង ខេត្តស្ទឹងត្រែង រងការជន់លិច និងខូចខាតទ្រព្យសម្បត្តិជាច្រើន។
បើតាមរបាយការណ៍ដដែល ខេត្តបាត់ដំបងរងការជន់លិចប៉ះពាល់លំនៅឋានពលរដ្ឋ និងរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធ្ងន់ធ្ងរជាងគេ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន អ៊ី ឆែ គ្រុប ក៏បាននាំយកអង្ករចំនួន៣០តោន ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកណ្តាលផងដែរ ដោយខេត្តនីមួយៗទទួលបានអំណោយអង្ករ១០តោនដូចគ្នា ដើម្បីចាត់ចែងផ្តល់ឲ្យប្រជាពលរដ្ឋដែលរងគ្រោះតាមគោលដៅរបស់ខ្លួន៕






អំពីក្រុមហ៊ុន អ៊ី ឆែ គ្រុប
ចាប់ផ្តើមពីអាជីវកម្មជាលក្ខខណៈគ្រួសារតាំងពីឆ្នាំ១៩៨៦ យើងខ្ញុំបានអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០២ និងបានអភិវឌ្ឍទៅជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ២០១២។ បច្ចុប្បន្ន ក្រុមហ៊ុនយើងមានផលិតផលជាច្រើនដូចជា ស៊ីម៉ងត៍យុថ្កា ដែក ជាដើម ហើយក្រុមហ៊ុនធ្វើការផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនទៅកាន់ក្រុមហ៊ុនសាងសង់ និងគម្រោងសាងសង់នានា ដូចជាសណ្ឋាគារ អគារ ការិយាល័យធ្វើការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំៗ និងបុរី ជាដើម។
ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ទំនាក់ទំនងព័ត៌មាន៖
លោកអ៊ិន សុផេង ប្រធានគ្រប់គ្រងទំនាក់ទំនងសាធារណៈលេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
លោកសយ ដាឡែន
បុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់
លេខទូរសព្ទ៖ (+855) 015 225 866
អ៊ីម៉ែល៖ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
ទីតាំងដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន (Showroom) នៅផ្លូវលេខ ១៤៣ បេតុង
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។